នំពេញៈ វិបត្តិកូវីដ១៩បាននិងកំពុងបង្កផលប៉ះពាល់ ដល់វិស័យជាច្រើនលើពិភពលោក ហើយវិស័យអចលនទ្រព្យកម្ពុជា ក៏គេចមិនរួចពីផលប៉ះពាល់ ពីវិបត្តិជំងឺរាតត្បាតមួយនេះដែរ ប៉ុន្តែអ្នកជំនាញបានលើកឡើងបានថា អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍គួរបង្កើត ឱ្យមានដំណើរការចរន្ត ឬរំហូរសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ ដើម្បីអាចឱ្យវិស័យមួយនេះងើបឡើងវិញបានលឿន។
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment លោក ម៉ម សេរីបញ្ញា បានថ្លែងប្រាប់ក្នុងសប្តាហ៍នេះថា ក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រទះនឹងបញ្ហា ហើយយើងក៏ជួបនឹងបញ្ហាដូចគ្នា ដោយសារវិបត្តិកូវីដ១៩ ។
លោកបានថ្លែងបន្តថា “ខ្ញុំអាចនិយាយបានថា វាមានផលប៉ះពាល់ ប៉ុន្តែយើងមិនអាចអង្គុយកាប់បំពង់ រង់ចាំទឹកភ្លៀងនោះទេ ឬនៅក្នុងរណ្តៅមួយ ដោយមិនប្រឹងវារឡើងនោះទេ ព្រោះបើយើងមិនធ្វើសកម្មភាពអ្វីសោះ យើងនឹងដួលទាំងអស់គ្នា” ។
លោកបានថ្លែងទៀតថា “ដូច្នេះយើងត្រូវបានធ្វើយ៉ាងម៉េច ឱ្យមានដំណើរការចរន្តសាច់ប្រាក់ (cash flow) ហើយយើងឃើញថា អ្នកវិនិយោគមួយចំនួន នៅប្រឹងប្រែងធ្វើ និងអ្នកទិញនៅបន្តទិញ ដែលជាឱកាសមួយល្អ ក្នុងការទទួលបានតម្លៃល្អ” ។
លោកអំនាវពាវដល់វិនិយោគិនទាំងអស់ កុំឱ្យមានការភិតភ័យ សម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ និងវិនិយោគទៅតាមគម្រោង និងផែនការរបស់ខ្លួន ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់រដ្ឋភិបាល តាមរយៈការដាក់គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងកាលថ្មីៗថា ការរីករាលដាលនៃជំងឺកូវីដ១៩ ជាសហគមន៍ជាថ្មីនៅក្នុប្រទេសកម្ពុជា នាពេលនេះ គឺជារឿងមិននឹកស្មានមួយ ក៏ប៉ុន្តែលោកជំរុញឱ្យវិនិយោគិននានា ក្នុងវិស័យនេះ គួរតែបន្តគម្រោងអភិវឌ្ឍន៍របស់ខ្លួនបន្ត ដោយសារតែកូវីដសហគមន៍នេះ នឹងត្រូវទប់ស្កាត់បាន។
លោកបានថ្លែងទៀតថា “ជាបទពិសោធន៍កន្លងមក កម្ពុជាបានទប់ស្កាត់ការរីករាលនិងគ្រប់គ្រងបានល្អ លើការឆ្លងរាលដាលនៃជំងឺនេះ ហើយសម្រាប់ការឆ្លងសហគមន៍លើកនេះ លោកក៏ជឿថាអាចទប់ស្កាត់បានដូចគ្នា ជាមួយនឹងវត្តមានវ៉ាក់សាំងនៃកូវីដ១៩ ដែលកំពុងចាក់ជូនពលរដ្ឋបណ្ដើរៗផងដែរ” ។
លោកសំ សុខនឿន បានបន្តថា សម្រាប់ពេលនេះ ប្រជាពលរដ្ឋទាំងសូមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកាន់តែធំ ដើម្បីឱ្យការឆ្លងសហគមន៍នេះ បានបញ្ចប់នៅពេលឆាប់ៗ និងអាចស្ដារសេដ្ឋកិច្ចកម្ពុជាបានប្រសើរឡើងវិញ៕
Use the search box above to search home listings anywhere in Cambodia.