ភ្នំពេញៈ រដ្ឋបាលសាលារាជធានីភ្នំពេញបាន និងកំពុងចាក់ដីលុបបឹងតាមោកទំហំ៧៥ហិកតាដើម្បីរៀបចំ និងបង្កើតជាឧទ្យានជាតិរាជធានីភ្នំពេញ ក្រោមការទទួលបានការអនុញ្ញាតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងបង្កើតឱ្យមានពិភពបៃតង ដោយការត្រៀមកូនឈើដាំរហូតដល់ប្រមាណ ១០ម៉ឺនដើម។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ បានសម្រេចយល់ព្រម ផ្តល់ផ្ទៃបឹងតាមោកទំហំ៧៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ឱ្យសាលារាជធានីភ្នំពេញ ដើម្បីរៀបចំបង្កើតជាសួន និងឧទ្យានធម្មជាតិសាធារណៈនៅក្នុងរាជធានីភ្នំពេញ។លោកបានបន្តថា “ពេលនេះយើងបានចាក់ដីលុបបំពេញ និងព័ទ្ធទីតាំងគម្រោងដែលនឹងត្រូវរៀបចំបង្កើតឧទ្យានជាតិ រាជធានីភ្នំពេញ ដែលមានទំហំ៧៥ហិកតាបានជិតរួចរាល់ហើយ” ។ លោកបន្តថា “ប៉ុន្តែនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់ ក្នុងការចាប់បើកការដ្ឋាននៅឡើយនោះទេ ដោយសារតែបញ្ហានៃជំងឺកូវីដកំពុងរាតត្បាត។ ពេលនេះត្រូវប្រយុទ្ធជាមួយកូវីដ ហើយត្រៀមថវិកាសម្រាប់ប្រើប្រាស់បន្ទាន់ ក្នុងការអនុវត្តជាក់ស្ដែងទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងកូវីដសិន” ។លោកឃួង ស្រេង បញ្ជាក់ឱ្យដឹងថា នៅក្នុងការរៀបចំបង្កើតជាឧទ្យានជាតិដ៏ធំប្រចាំរាជធានីភ្នំពេញមួយនេះ ក៏មានការរៀបចំបង្កើតជាសួនច្បារ នៃពិភពបៃតងផងដែរ ដោយមានការត្រៀមកូនឈើ សម្រាប់ដាំនៅក្នុងបរិវេណចំនួន១០ម៉ឺនដើម ហើយបច្ចុប្បន្នកូនឈើ ដែលត្រៀមដាក់ដាំក៏ដុះលូតលាស់ល្អធំៗរួចរាល់ហើយដែរ ពោលគឺនៅរង់ចាំតែពេលចាប់អនុវត្តន៍តែប៉ុណ្ណោះ៕
Use the search box above to search home listings anywhere in Cambodia.