ចលនាទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានវិញជាបណ្តើរៗហើយ បន្ទាប់ពីជាប់គាំងមួយរយៈក្រោយការចាកចេញយ៉ាងគំហុកនៃភ្ញៀវជនជាតិចិន និងការផ្ទុះឡើងនៃជំងឺកូវីដ ១៩។ នេះបើយោងតាមក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។
ក្នុងគោលបំណងអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» រដ្ឋាភិបាលកម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០២១ បានសម្រេចបង្កើតគណៈកម្មាធិការច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅទីនោះឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
បន្ថែមពីលើនេះ កាលពីសប្តាហ៍មុន រដ្ឋសភាជាតិ ទើបបានអនុម័តសេចក្តីព្រាងច្បាប់វិនិយោគ និងកិច្ចព្រមព្រៀងលក្ខណៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអ្នកវិនិយោគរំពឹងថា កម្ពុជានឹងទទួលបានការចូលមកបណ្តាក់ទុនពីវិនិយោគិនបរទេសកាន់តែច្រើន ពិសេសបន្ទាប់ពីវិបត្តិកូវីដ ១៩ មានភាពធូរស្រាល។
ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៥ ខែកញ្ញាថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុកំពុងកម្រើកឡើងវិញជាបណ្តើរៗហើយ ដោយមានក្រុមអ្នកវិនិ-យោគក្នុងស្រុកមួយចំនួនចាប់ផ្តើមស្វែងរកទិញ និងជួលអចលនទ្រព្យសម្រាប់បើកអាជីវកម្ម។
លោកបន្តថា ភាពល្អប្រសើរនេះ អាចមកពីកត្តារួមផ្សំមួយចំនួនដូចជា កំណើនភ្ញៀវទេសចរ ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រលានយន្តហោះ និងការវិនិយោគនៅតាមបណ្តាកោះជាដើម។
លោកបានលើកឡើងថា៖ «ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុមានចលនាឡើងវិញហើយ ពិសេសទីផ្សារជួល ខណៈតម្លៃមានការប្រែប្រួលតិចតួចបើធៀបនឹងដើមឆ្នាំ។ សម្រាប់ទីផ្សារជួលទីតាំងបើកអាជីវកម្មនៅចុងត្រីមាសទី៣នេះ ខ្ញុំគិតថា អាចមានកំណើនប្រហែល ២០ ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១»។
លោកឱ្យដឹងទៀតថា ចលនាទីផ្សារនេះនឹងមានភាពមមាញឹកខ្លាំងនៅក្នុងពេលឆាប់ៗ ព្រោះបន្ទាប់ពីវិបត្តិកូវីដ ១៩ អាចគ្រប់គ្រងបាន នឹងមានអ្នកវិនិយោគកាន់តែច្រើនសម្រុកមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ខណៈទីតាំងនេះមានលក្ខណៈអំណោយផលលើគ្រប់វិស័យរាប់ចាប់តាំងពីវិស័យទេសចរណ៍ ការវិនិយោគ និងជាច្រកដឹកជញ្ជូនទំនិញផ្លូវសមុទ្រដ៏ធំរបស់ប្រទេសកម្ពុជា ផងដែរ។
កម្ពុជាគ្រោងរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-២២ ខែ មករា ឆ្នាំ ២០២២ ក្រោមប្រធានបទ «អាស៊ានសហគមន៍សន្តិភាព និងវាសនាតែមួយ» ឆ្ពោះទៅកាន់ការស្តារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងថា វឌ្ឍនភាពនៃការទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ និងការសម្រេចបានជោគជ័យយុទ្ធនាការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ព្រមទាំងការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាងច្បាប់វិនិយោគ និង FTA ជាមួយប្រទេសចិន កាលពីថ្មីៗនេះ កំពុងចូលរួមចំណែកធ្វើឱ្យវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាងើបចេញពីវិបត្តិជំងឺកូវីដ ១៩។
លោកបន្តថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងមានកំណើនកាន់តែខ្ពស់។ ទោះយ៉ាងណា តម្លៃនឹងមិនលោតឡើងខ្ពស់ដូចកាលពីអំឡុងឆ្នាំ ២០១៨-២០១៩ ទៀតទេ ព្រោះទីនោះអចលនទ្រព្យមានតម្លៃខ្ពស់រួចទៅហើយ។
លោកអះអាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ទីផ្សារនេះចាប់ផ្តើមមានចលនាវិញហើយ ហើយវានឹងកាន់តែរស់រវើកនៅពេលកូវីដ ១៩ អាចគ្រប់គ្រងបាន។ វិធានការ និងការខិតខំរបស់រដ្ឋាភិបាលក្នុងការបង្កើត និងកែសម្រួលច្បាប់វិនិយោគ នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានកំណើនលើគ្រប់វិស័យ»។
លោកប្រាប់ទៀតថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលកំពុងស្ថាបនា ក៏នឹងក្លាយជាចំណែកក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុមានកំណើន។
លោកបន្ថែមថា ដោយសារអចលនទ្រព្យនៅខេត្តព្រះសីហនុ ពឹងផ្អែកភាគច្រើនលើវិនិយោគិនចិន ដូច្នេះអចលនទ្រព្យនៅទីនោះមានសម្ទុះខ្លាំងកម្រិតណា ក៏អាស្រ័យទៅលើ ការមកដល់នៃវិនិយោគិនចិនផងដែរ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលមានប្រវែង ១៩០ គីឡូម៉ែត្រ បានសម្រេចការសាងសង់ប្រមាណ ៥៥,០៥ ភាគរយ និងគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ ២០២៣៕
(ប្រភព ពី postkhmer)
Use the search box above to search home listings anywhere in Cambodia.