ភ្នំពេញៈ ទីផ្សារអចលនទ្រព្យ និងសំណង់នៅខេត្តកំពត ត្រូវបានអាជ្ញាធរ និងអ្នកជំនាញនៅតែមើលឃើញថា មានភាពរីកចម្រើន និងសកម្មភាពសាងសង់នៅតែបន្ត បើទោះកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី។
អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍៍ឲ្យដឹងកាលពីសប្តាហ៍៍មុនថា សកម្មភាពនៃការវិនិយោគលើអចលនទ្រព្យ វិស័យសំណង់នៅក្នុងខេត្តនៅតែបន្តសកម្មភាព ដោយគ្មានគំរោងណាមួយត្រូវបានផ្អាកនោះទេ ពិសេសគម្រោងអាគារខ្ពស់ៗពី១៨ជាន់ ដល់ ៤៥ជាន់ជាច្រើនបាននិងកំពុងសាងសង់នៅក្នុងខេត្តនេះ។
លោកបន្តថា “ជាមួយនឹងសកម្មភាពរីកចម្រើននេះ មុខមាត់របស់ក្រុងកំពតនឹងមានការផ្លាស់ប្តូរ នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ ដោយសារកំនើននៃការវិនិយោគនៅក្នុងខេត្តនៅតែបន្ត” ។
លោកជាវ តាយ បានបន្តថា ជាមួយនឹងល្បឿននៃការីកចម្រើននេះ អាជ្ញាធរខេត្តបានដាក់ដំណើរទៅក្រសួងមហាផ្ទៃ ហើយក្រសួងបានអនុម័តរួចហើយ ដោយយកឃុំមួយចំនួនក្នុងស្រុកទឹកឈូរ ចូលមកស្ថិតក្រោមដែនរដ្ឋបាលខេត្ត នាពេលឆាប់ៗខាងមុខនេះ។
អ្នកជំនាញជាច្រើនបានសម្តែងសុទិដ្ឋិនិយម នឹងសក្តានុពលរបស់ខេត្តកំព តដោយសារខេត្តនេះ អំណោយផលលើកត្តាជាច្រើន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងកំឡូងត្រីមាសទី១ឆ្នាំនេះ កំពតជាខេត្តមួយក្នុងចំណោមខេត្តតិចតួច ដែលសកម្មភាពទិញលក់អចលនទ្រព្យ នៅតែមានភាពសកម្ម ដោយសារខេត្តនេះ មានសក្តានុពលជាច្រើន ដូចជាធនធានធម្មជាតិ មានព្រៃភ្នំ ដងព្រែកដ៏ស្រស់ត្រកាល ដែលអ្នកវិនិយោគជាតិ អន្តរជាតិនិយមចូលចិត្តសាងសង់ផ្ទះលំហែរកាយ មានទីតាំងកៀកនឹងរាជធានីភ្នំពេញ ពិសេសផ្លូវជាតិលេខ៣នៅពេលសាងសង់ចប់ វានឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដណើរ។
លោកបន្តថា “ធនធានធម្មជាតិ កត្តាភូមិសាស្ត្រ លក្ខខ័ណ្ឌអំណោយផលនៃតម្លៃអចលនទ្រព្យនៅមានកម្រិតនៅឡើយ សុទ្ឋតែជាកត្តាស្នូល ដែលជំរុញឲ្យខេត្តនេះមានភាពរីកចម្រើន បន្ទាប់ពីខេត្តព្រះសីហនុនាពេលខាងមុខនេះ” ។ លោកបន្តថា “ខ្ញុំមានសុទិដ្ឋិនិយម អំពីការរីកចម្រើនរបស់ខេត្ត ហើយរដ្ឋាភិបាលអាចនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅខេត្តនេះ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ឋចំនួន៣៤ខ្សែ នៅក្រុងសៀមរាបបញ្ចប់ការស្ថាបនា” ៕
Use the search box above to search home listings anywhere in Cambodia.