ព័ត៌មាន

អ្នកឧកញ៉ាលី ហួរៈលំនៅដ្ឋានតម្លៃសមរម្យចាប់យកចំណែកទីផ្សារក្នុងស្រុកបានច្រើនជាងគេ

អ្នកឧកញ៉ាលី ហួរៈលំនៅដ្ឋានតម្លៃសមរម្យចាប់យកចំណែកទីផ្សារក្នុងស្រុកបានច្រើនជាងគេ

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ នៅតែមានភាពពេញនិយម និងចាប់យកចំណែកទីផ្សារក្នុងស្រុក នៅដើមឆ្នាំ២០២១នេះ ខណៈគម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ បាននិងកំពុងពង្រីកខ្លួនទៅគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ។

លោកស្រីអាន សុធីតានាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលថ្មីៗនេះថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យបាន និងកំពុងពង្រីកទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ។

លោកស្រីបានថ្លែងថា “តម្រូវការលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ ជាតម្លៃសមរម្យមួយ សម្រាប់ប្រជាជនអាចមានលទ្ធភាពវិនិយោគ ឬទិញសម្រាប់រស់នៅនៅតែមានកំណើន ធៀបនឹងលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០ម៉ឺនឡើងទៅ”។លោកស្រីសុធីតាបាននិយាយថា ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។

លោកស្រីបានរំពឹងថា ទីផ្សារអចលនទ្រព្យត្រូវការ រយៈពេលពី៦ដល់៩ខែទៀត ទើបវិស័យនេះ អាចវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ព្រោះវាទាមទារឱ្យមានទំនុកចិត្តវិនិយោគឡើងវិញពីទាំងក្នុង និងក្រៅស្រុក។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍កាលពីដើមឆ្នាំនេះថា នៅដើមឆ្នាំ២០២១គឺជាពេលវេលាដ៏ល្អ សម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានប្រភេទកម្រិតមធ្យម សម្រាប់ដាក់លក់នៅលើទីផ្សារនាចុងឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលតម្រូវការទីផ្សារលំនៅដ្ឋាន ចាប់ផ្តើមឡើងខ្ពស់វិញ។

អ្នកឧកញ៉ាបន្តថា “ខ្ញុំគិតថាយ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនឹងកើនឡើងវិញខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកនៅមានច្រើន ដូច្នេះទីផ្សារមួយនេះ នឹងងើបឡើងជាក់ជាមិនខាន។ នេះបើតាមការមើលឃើញរបស់ខ្ញុំ”៕

Search Cambodia’s Real Estate Portal

Use the search box above to search home listings anywhere in Cambodia.