រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ បានក្រើនរំឭកដល់អាជ្ញាធរខេត្ត-រាជធានី ពង្រឹងការផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ការក្រើនរំឭកយ៉ាងដូច្នេះដោយសារតែមួយរយៈកាលចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ បានហក់ឡើងវិញ ក្នុងរង្វង់ជាង៦០០នាក់ក្នុង១ថ្ងៃ។
តាមរយៈលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៨ ខែកញ្ញា លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុងការបន្តការការពារជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងពេលថ្មីៗនេះ មានការហក់ឡើងវិញនៃចំនួនអ្នកឆ្លងកូវីដ-១៩ នៅតាមបណ្តាខេត្តមួយចំនួន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ជំរុញបន្ថែមទៀតនូវការអប់រំសុខភាពក្រោមប្រធានបទ«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»។
លោក ម៉ម ប៊ុនហេង បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទ ការចែកខិតប័ណ្ណ ការបិទរូបភាពផ្ទាំងធំៗ នៅតាមទីតាំងដែលមានហានិភ័យ និងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដល់ម្ចាស់អាជីវកម្ម ឬបុគ្គលណាដែលមិនគោរពវិធានការនេះ។
គួរកត់សំគាល់ថា ចាប់ពីថ្ងៃទី១០កញ្ញាមកចំនួនអ្នកឆ្លងកូវីដ-១៩ បានហក់ឡើងវិញក្នុងរង្វង់ជាង៦០០នាក់ក្នុង១ថ្ងៃ ខណៈដែលកាលពីខែសីហាចំនួនអ្នកឆ្លងបានធ្លាក់ចុះមកនៅត្រឹមរង្វង់ជាង៤០០នាក់ក្នុង១ថ្ងៃ។
ទោះជាយ៉ាងនេះក្តី ស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា គឺបានគ្រប់គ្រងទាន់ពេលវេលា បើទោះបីជាស្ថានភាពឆ្លងមានការហក់ឡើងបន្តិចក្តី។ នេះបើតាមការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែកញ្ញា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តស្ទឹងត្រែង។ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន បើទោះជាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហើយក្តី។
បើតាមលោកស្រី ឱ វណ្ណឌីន គេឃើញថាការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ នៅមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ព្រោះកន្លែងខ្លះ នៅតែមានការប្រមូលផ្តុំគ្នា ដែលនេះបង្កលទ្ធភាពឲ្យកូវីដ-១៩ អាចឆ្លងកើនឡើង៕
ប្រភព៖ Khmer.rfi
Use the search box above to search home listings anywhere in Cambodia.