ប្រទេសចិន: ក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Aedas បានសាងសង់បញ្ចប់ជាស្ថាពរកាលពីពេលថ្មីៗនេះនូវអគារ “មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិហេងឈីន” (Hengqin International Financial Centre) កម្ពស់ ៣៣៩ម៉ែត្រ ដែលស្ថិតនៅមាត់ទន្លេគជ់ខ្យង (Pearl River) និងដែលមើលឃើញទេសភាពកោះម៉ាកាវ នៅត្រើយម្ខាង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ArchDaily ។Aedas គឺជាក្រុមហ៊ុនអន្តរជាតិ ដែលផ្ដល់សេវាកម្មផ្នែកស្ថាបត្យកម្ម ការឌីហ្សាញផ្ទៃខាងក្នុង ការឌីហ្សាញសួនឧទ្យាន ការឌីហ្សាញប្លង់ទីក្រុង ការធ្វើផែនការមេ និងក្រាហ្វិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាសម្ព័ន្ធរវាងក្រុមហ៊ុនមានស្រាប់ចំនួន៣ នៅប្រទេសអង់គ្លេស ក្រុងហុងកុង និងប្រទេសអូស្ត្រាលី។
គម្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ មានទីតាំងស្ថិតនៅលើកោះហេងឈីន (Hengqin Island) ក្រុងជូហាយ (Zhuhai) ប្រទេសចិន ហើយថ្ងៃអនាគតដ៏ខ្លីវានឹងក្លាយជាសង្កាត់ហិរញ្ញវត្ថុ ដែលភ្ជាប់ក្រុងហុងកុង កោះម៉ាកាវ និងទីក្រុងធំៗផ្សេងទៀតក្នុងតំបន់ Greater Bay Area (ខេត្តគ័ងតុង-ហុងកុង-ម៉ាកាវ)។
កោះដែលហ៊ុមព័ទ្ធជុំវិញដោយទឹកសមុទ្រ និងជួរភ្នំ និងស្ថិតនៅចំកណ្តាលនៃចង្កោមទីក្រុងលំដាប់ពិភពលោកមួយនេះ កំពុងតែវិវឌ្ឍន៍ខ្លួនក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចបានបង្ហាញនៅក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ថ្នាក់ជាតិចុងក្រោយរបស់ប្រទេសចិន។
បណ្ឌិត Andy Wen នាយកផ្នែកឌីហ្សាញជាអន្តរជាតិ នៃក្រុមហ៊ុន Aedas បានបញ្ជាក់ថា អគារមជ្ឈមណ្ឌលនេះ រួមមាន ការិយាល័យលំដាប់A សាលសន្និសីទ និងសាលតាំងពិព័រណ៍ អាផាតម៉ិន និងទីធ្លាសម្រាប់អាជីវកម្មលក់រាយ។ កន្លែងលក់រាយស្ថិតនៅជាន់ខាងក្រោមនៃអគារ ការិយាល័យស្ថិតនៅជាន់កណ្ដាល ហើយអាផាតម៉ិនស្ថិតនៅជាន់លើ។
អគារកញ្ចក់នេះ ត្រូវបានឌីហ្សាញយ៉ាងពិសេស ដើម្បីកាត់បន្ថយកម្លាំងខ្យល់ខ្លាំង ធ្វើឱ្យអ្នកថ្មើរជើងទទួលបានបទពិសោធន៍កាន់តែប្រសើរ។ នៅផ្នែកខាងក្រោម ការឌី ហ្សាញមាន លក្ខណៈរមួលគួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតប្លែក។
នេះសរបង្ហាញពីសមិទ្ធផលដ៏ធំធេងមួយទៀត ដែលជួយលើកមុខមាត់មហាយក្សចិន មួយកម្រិតទៀតនៅលើឆាកអន្តរជាតិ ទោះបីជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងណាក្ដី។
Use the search box above to search home listings anywhere in Cambodia.