ការជួលផ្ទះរឺអាផាតម៉ិន គឺមានការចំបាច់ណាស់ តើមុនសម្រេចចិត្តជួលផ្ទះ ឬអាផាតមិន តើអ្នកត្រូវពិចារណាលើអ្វីខ្លះ? ។
ខាងក្រោមនេះគឺជាចំនុចសំខាន់ទាំង៩ ដែលអ្នកត្រូវគិតគូរអោយបានហ្មត់ចត់ មុននឹងធ្វើការចុះកិច្ចសន្យាជួលផ្ទះ ឬអាផាតម៉ិន។
១ ស្រាវជ្រាវពីទីតាំង
គិតអំពីតំបន់នៃកន្លែងរស់នៅ មុនពេលអ្នកផ្លាស់ទីលំនៅ។ តើវាជិតមន្ទីរពេទ្យ ឬក្លិបកំសាន្ត ដែលអាចបង្កសំលេងរំខានដល់អ្នកដែរឬទេ? តើទីតាំងនោះនៅជិតកន្លែងធ្វើការ ឬសាលារបស់កូនអ្នកដែរទេ? តើនៅតំបន់នោះមានសុវត្ថិភាពដែរឬយ៉ាងណា? ពិនិត្យមើលមជ្ឈដ្ឋានជុំវិញអោយបានច្បាស់ មុនអ្នកសម្រេចចិត្តជួល។
២ ពិនិត្យមើលប្រព័ន្ធសុវត្ថិភាព
ពិនិត្យមើលច្រកចេញចូល សោរទ្វាររបង។ តើមាន បំពាក់កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធផ្តល់ដំណឹង ឬការពារផ្សេងៗដែរទេ?។
៣ ពិនិត្យមើលឧបករណ៍ប្រើប្រាស់
តើផ្ទះឬបន្ទប់ជួលនោះ មានភ្ជាប់មកជាមួយនឹងម៉ាស៊ីនបោកខោអាវ ទូទឹកកក ម៉ាស៊ីនត្រជាក់ និងឧបករណ៍អេឡិចត្រូនិចដទៃទៀតដែរឬទេ? តើពួកវាមានសភាពចាស់ទ្រុដទ្រោម ឬនៅថ្មីអាចប្រើប្រាស់បាន? បើពួកវាត្រូវការការត្រួតពិនិត្យឬជួសជុល អ្នកត្រូវចរចារជាមួយម្ចាស់ផ្ទះ មុននឹងយល់ព្រមជួល។
៤ ពិនិត្យមើលស្ថានភាពផ្ទះឬបន្ទប់
សង្កេតរកមើលស្នាមប្រលាក់ បាក់បែក និងលេចធ្លាយទូទាំងតួផ្ទះដូចជាជញ្ជាំង ពិដាន ទ្វារ ការ៉ូ។ល។ ពេលខ្លះស្នាមប្រលាក់ ត្រូវបានបិទបាំងដោយរូបចម្លាក់ ដែលពិបាកប្រទះ ដោយគ្រាន់តែក្រឡែកមួយភ្លែត។ តើមានសត្វចង្រៃ ដូចជាកន្លាត និងកណ្តុរមកយាយីដែរទេ?។
៥ ពិនិត្យមើលអគ្គិសនីនិងទឹក
អ្នកត្រូវសួរម្ចាស់ផ្ទះថា តើមានផ្គត់ផ្គង់អគ្គិសនី និងទឹកគ្រប់គ្រាន់ដែរឬទេ? សាកល្បងសម្ពាធទឹកគ្រប់ជាន់ ព្រោះថាជាន់កាន់តែខ្ពស់សម្ពាធទឹកកាន់តែខ្សោយ និងបើកក្បាលរ៉ូប៊ីណេ និងអំពូលភ្លើងទាំងអស់ ដើម្បីប្រាកដថាពួកវាសុទ្ធតែដំណើរការតាមប្រក្រតី។
៦ ថតស្ថានភាពផ្ទះធ្វើជាឯកសារ
អ្នកត្រូវចាំបាច់ថតស្ថានភាពផ្ទះ ឬបន្ទប់និងឧបករណ៍ ដែលមានក្នុងនោះទាំងប៉ុន្មានទុកជាភស្តុតាង មុននឹងចុះកុងត្រាជួល ព្រោះថាក្នុងកិច្ចសន្យាជួលផ្ទះនិមួយៗ សុទ្ធតែមានបញ្ជាក់អំពីសំណងខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ដែលអ្នកជួលត្រូវចេញថ្លៃសំណង ប្រសិនបើមានការបែកបាក់ឬខូចខាតក្នុងផ្ទះនៅខណៈដែលខ្លួនកំពុងជួល។
ក្នុងករណីដែលម្ចាស់ផ្ទះ សុំអោយអ្នកចេញថ្លៃសំណងខូចខាតទ្រព្យសម្បត្តិ ដែលកើតមានឡើងមុនអ្នករើមកនៅ អ្នកអាចយករូបថតដែលអ្នកបានថតទុកមុនចុះកិច្ចសន្យាជួលផ្ទះ មកធ្វើជាភស្តុតាងបាន។
មុនពេលចុះកិច្ចសន្យា អ្នកត្រូវត្រៀមរូបថតទាំងនោះ ចំនួន២ច្បាប់សម្រាប់អ្នកមួយ និងម្ចាស់ផ្ទះមួយ និងត្រូវអោយភាគីទាំងសងខាងដឹងលឺនិងយល់ព្រមទាំងអស់គ្នា។
៧ សួរអំពីថ្លៃបង់បន្ថែម
តើអ្នកត្រូវបង់ថ្លៃសេវាផ្សេងទៀតទេ ក្រៅពីថ្លៃផ្ទះ ដូចជា ប្រាក់កក់ សេវាសន្តិសុខ អនាម័យ ចំណតយានយន្ត?។
៨ សួរនាំអំពីសេវាកម្មជួសជុល
ប្រសិនបើឧបករណ៍ ដែលមានមកជាមួយផ្ទះ ត្រូវការជួលជុល តើភាគីម្ចាស់ផ្ទះឬអ្នកជួលជាអ្នកចេញថ្លៃសេវា? ជាធម្មតាសម្រាប់ខុនដូ ឬអាផាតមិន សេវាកម្មនេះត្រូវបានរ៉ាប់រងដោយម្ចាស់ផ្ទះ។
៩ អានកុងត្រាអោយបានច្បាស់
ជាចុងក្រោយ អ្នកត្រូវអានកុងត្រា និងយល់អោយច្បាស់អំពីលក្ខខណ្ឌទាំងអស់ដែលបានចារ។ សួរបញ្ជាក់ត្រង់កន្លែង ដែលអ្នកមិនយល់និងចរចារជាមួយម្ចាស់ផ្ទះ ចំពោះលក្ខខណ្ឌដែលអ្នកមិនយល់ស្រប។ អ្នកត្រូវស្វែងយល់អោយច្បាស់អំពីសិទ្ធិ និងតួនាទីរបស់ម្ចាស់ផ្ទះ និងអ្នកជួល កាលកំណត់របស់កុងត្រា ថ្លៃសេវាកម្មផ្សេងៗ ការឡើងថ្លៃ និងឯកសារដែលចាំបាច់ផ្សេងៗ។ល។
មួយវិញទៀត រាល់ការព្រមព្រាងជាមួយម្ចាស់ផ្ទះ ត្រូវមានលាយលក្ខណ៍អក្សរ និងមិនគ្រាន់តែសន្យានឹងមាត់ ដើម្បីជៀសវាងបញ្ហាមានការក្រឡាស់សម្តីទៅថ្ងៃមុខ៕
Use the search box above to search home listings anywhere in Cambodia.