ភ្នំពេញ ៖ នៅក្នុងវិស័យអចលនទ្រព្យត្រូវបានគេបែងចែកចេញជាច្រើនប្រភេទច្រើនផ្នែក ហើយការវិនិយោគទៀតសោតក៏ត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗ ប៉ុន្តែក្នុងនោះអ្វីដែលមានភាពលេចធ្លោជាងគេគឺការទិញលក់អចលនវត្ថុ ដោយហេតុថា ងាយទទួលបានផលចំណេញ ចំណាយទុនតិច ប្រើពេលវេលាខ្លី។
អនុប្រធានសមាគមអចលនទ្រព្យសកល លោកឡោ វិចិត្រ បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការទិញអចលនវត្ថុទុកលក់យកចំណេញមិនមែនសុទ្ធតែអាចធ្វើទៅបានសម្រេច១០០ភាគរយគ្រប់គ្នានោះទេ ជួនកាលក៏មានអ្នកខ្លះផុងខ្លួន ឬខាតបង់ទាំងធនធាន និងពេលវេលា ដែលអាចចាត់ទុកថាជាបំណុលពីការវិនិយោគថែមទៀតផង។
លោកបានលើកឡើង ការវិនិយោគ គឺជាការទិញទុកសម្រាប់លក់បន្តយកចំណេញ ហើយព្យាយាមធ្វើឱ្យបាននៅក្នុងរយៈពេលខ្លី ដើម្បីអាចយកផលចំណេញ ហើយធ្វើជាទុនវិនិយោគនៅទីតាំងថ្មីផ្សេងទៀតដែលប្រាកដថាអាចទទួលបានផលវិជ្ជមានក្នុងអត្រាខ្ពស់។
លោកឡោ វិចិត្រ បានបញ្ជាក់ថា “នៅពេលដែលអ្នកចំណាយទុនទិញអចលនវត្ថុណាមួយមកធ្វើជាកម្មសិទ្ធិ នោះវាអាចកើតមានរូបភាព២ គឺអាចជាទ្រព្យ ឬអាចជាបំណុលពីការវិនិយោគ។ នៅពេលអ្នកទិញក្នុងតម្លៃមួយទាប ហើយលក់ចេញទៅវិញក្នុងរយៈពេលខ្លីដោយទទួលបានផលចំណេញណពីការលក់ មិនថាផលចំណេញនោះតិច ឬច្រើនវាគឺជាទ្រព្យធនដែលទទួលបានពីការវិនិយោគរបស់អ្នក។ ប៉ុន្តែក្នុងលក្ខខណ្ឌដែលអ្នកទិញអចលនវត្ថុក្នុងតម្លៃមួយខ្ពស់ មិនថាអ្នកបង់លុយដាច់ ឬទិញដោយរំលោះដោយជាប់ចំណងការប្រាក់នោះទេ នៅពេលដែលអ្នកទុកចោលយូរដោយគ្មានសកម្មភាពវិនិយោគបន្ត នោះវានឹងក្លាយទៅជាបំណុលជាមិនខាន” ។
លោកបានពន្យល់ថា អចលនវត្ថុមួយដែលត្រូវបានទិញដោយបង់ផ្ដាច់ក្នុងតម្លៃព្រមព្រៀងមួយ ហើយមិនយូរប៉ុន្មានផងមានគេឱ្យតម្លៃលើសថ្លៃដើម សូមកុំស្ទាក់ស្ទើរ គឺត្រូវតែលក់ដើម្បីបានបង្កើនទុនសម្រាប់ធ្វើការវិនិយោគថ្មីបន្ត។ ជាមួយគ្នានេះ ប្រសិនបើទិញអចលនវត្ថុមួយដោយការបង់រំលោះ ហើយមិនយូរប៉ុន្មានតម្លៃអចលនវត្ថុនោះត្រូវបានគេឱ្យថ្លៃជាងតម្លៃដើមរួមទាំងអត្រាការប្រាក់ ក៏ត្រូរតែលក់យកចំណេញ។ កាលដែលទុកអចលនវត្ថុ ហើយរង់ចាំការទទួលបានតម្លៃថ្លៃដូចការរំពឹងទុកគឺមានអត្រាទាបបំផុត លើសពីនេះអ្នកអាចចំណាយពេលយូរក្នុងការរង់ចាំ ហើយការបង់អត្រាការប្រាក់ក៏កាន់តែច្រើន ដូច្នេះការទន្ទឹងរង់ចាំតម្លៃខ្ពស់របស់អ្នកអាចជាការខាតបង់ទាំងទ្រព្យ ខាតទាំងពេលវេលា ដែលចំណុចនេះត្រូវបានគេចាត់ទុកថាជាបំណុលនៃការវិនិយោគ៕
Use the search box above to search home listings anywhere in Cambodia.