មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រោងចក្រ និងសហគ្រាសនានា បាននឹងកំពុងបង្ហាញវត្តមាន នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ខណៈផ្លូវនេះ បានស្ថាបនាសម្រេចបានប្រមាណ ៤០ភាគរយ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តីបានប្រាប់គេហទំព័ត៌មាន propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា សមាគមរោងចក្រកាត់ដេរ (GMAC) និងភាគីពាក់ព័ន្ធ បានណែនាំឱ្យម្ចាស់សហគ្រាស និងរោងចក្រថ្មីៗជាច្រើនទៅបោះទីតាំងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងរួចហើយ ចាប់តាំងពីរដ្ឋបាលរាជធានភ្នំពេញចេញសេចក្តីជូនដំណឹងកន្លងមកនេះ។
លោកបន្តថា “ការធ្វើដូច្នេះ គឺដើម្បីចូលរួមដោះស្រាយ និងសម្រួលចរាចរណ៍ដល់រថយន្តធុនធ្ងន់ក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ឬផលិតផលសម្រេចចេញពីរោងចក្រ និងសហគ្រាសរបស់ពួកគាត់ ទៅកាន់កំពង់ផែនានាចេញពីផ្លូវក្រវ៉ាត់ក្រុងនេះ និងកាត់បន្ថយការកកស្ទះចរចរណ៍នៅក្នុងទីក្រុងបានយ៉ាងច្រើនផងដែរ”។
លោកម៉េត មាសភ័ក្តីបានបន្តថា មា្ចស់រោងចក្រ និងសហគ្រាស គួរតែពិចារណាបោះទីតាំងរបស់ខ្លួននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ឬជាយក្រុង ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន ខណៈនៅក្នុងកណ្តាលក្រុងបាននឹងកំពុងមមាញឹកកកស្ទះចរាចរណ៍។
លោកបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញកន្លងមកនេះ ឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា ដែលមានការដឹកជញ្ជូនទំនិញច្រើន គួរពិចារណាឱ្យបោះទីតាំងនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ឬជាយក្រុងវិញ គឺមិនមែបណ្តេញចេញពីកណ្តាលក្រុងនោះទេ តែកុំឱ្យប៉ះពាល់ដល់ដល់ដំណើរការចង្វាក់អាជីវកម្មរបស់ពួកគេ ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកគង់ វិមានបានឱ្យដឹងកន្លងមកថ្មីៗនេះដែរថា មកដល់ពេលនេះ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ពីសំណាក់ក្រុមហ៊ុនចិនសម្រេចបានប្រមាណ៣០ ទៅ៤០ ភាគរយហើយ ខណៈ ក្រុមហ៊ុននេះមានការសាងសង់លឿនជាការផែនការ។
លោកបន្តថា “យើងកត់សម្គាល់ឃើញថា ក្រុមហ៊ុនចិនតែងតែងលឿនជាផែនការ ។ ដូច្នេះសម្រាប់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានរំពឹងថា នឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ស្របតាមការជំរុញពីសំណាក់របស់រដ្ឋាភិបាល និងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយធ្វើយ៉ាងមិចធ្វើឱ្យបានលឿន តាមផែនការឬមុនផែនការ”។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ពីតំបន់ទីប្រជុំជនទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ បានស្នើរឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនឱ្យទៅស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បានកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។
រដ្ឋបាលបញ្ជាក់ថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធ្ងន់ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចរាចរណ៍ ចូលរាជធានីភ្នំពេញទៀតឡើយ៕
Use the search box above to search home listings anywhere in Cambodia.